RITH APPLE MEDIA

ពត៌មានលំអិតអំពីកាចុះឈ្មោះចូលរៀនសូមចុចលើ​ Page Like on facebook  ឬចុចលើសេវាកម្មបង្រៀនសិស្ស Rith Apple Media គ្រូមានបទពិសោធ៏ខ្ពស់ខាងទូរស័ព្ទដៃទំនើបៗ មានជំនាញច្បាស់លាស់!          បង្រៀនក្នុង តំលៃសមរម្យ សូមអគុណ ចំពោះការចូលមកគេហទំព័រយើងខ្ញុំ 

Saturday, October 4, 2014

ការបង្ហាញលក្ខណៈសម្បត្តិរបស់ iPhone 6 Plus

អស់រយៈពេលជាច្រើនឆ្នាំមកហើយដែល​យើង​បាន​រង់ចាំ​មើល​ទូរស័ព្ទ iPhone ដែល​មាន​អេក្រង់​ធំ​ជាង 4 អ៊ីញ ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ Apple ពិត​ជា​បាន​បំពេញ​ក្តី​សង្ឃឹម​របស់​យើង​មែន ដោយ​បង្កើត iPhone 6 អោយ​មាន​ទំហំ​អេក្រង់ 4.7 អ៊ីញ និង iPhone 6 Plus មាន​អេក្រង់​ដល់​ទំហំ 5.5 អ៊ីញ​ឯ​ណោះ។ ទូរស័ព្ទ​ទាំង​ពីរ​នេះ​មាន​រូប​រាង​ដូច​គ្នា​បេះបិត និង​លក្ខណៈ​សម្បត្តិ​ស្រដៀង​គ្នា​អាច​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត តែ​បើ​អ្នក​ទាំង​អស់​គ្នា​សិក្សា​អោយ​កាន់​តែ​ស៊ី​ជម្រៅ​ជាមួយ​ខេមបូរីផត នោះ​អ្នក​នឹង​សង្កេត​ឃើញ​ថា iPhone 6 Plus មាន​លក្ខណៈ​ពិសេស​ផ្សេង​ពី iPhone 6។
រចនាបថ
រចនាបថរបស់ iPhone 6 Plus គឺដូចគ្នាទាំងស្រុង​ទៅ​នឹង​រចនា​បថ​របស់ iPhone 6 ដោយ​សន្ទះ​ខាង​ក្រោយ​របស់​វា​ស្រោប​ដោយ​លោហៈ​ធាតុ​ប្រណិត រហូត​ដល់​គែម​ទូរស័ព្ទ មាន​ភាព​ទាល​នៅ​កែង​នៃ​ទូរស័ព្ទ និង​មាន​ខ្សែ​ឆ្នូត​គូស​បែង​ចែក​នៅ​ផ្នែក​ខាង​លើ និង​ផ្នែក​ខាង​ក្រោម។ ទូរស័ព្ទ​នេះ​មាន​អេក្រង់​ទំហំ 5.5 អ៊ីញ​ប្រភេទ LED-backlit IPS LCD ដែល​អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត​ខ្ពស់ Full HD (1080x1920) ភិចសែល និង​មាន​ដង់ស៊ីតេ​អេក្រង់ 401ppi។ ជាមួយ​នឹង​អេក្រង់​ដ៏​ធំ និង​កម្រិត​ភាព​ច្បាស់​ដ៏​ខ្ពស់​បែប​នេះ អ្នក​ពិត​ជា​មាន​អារម្មណ៍​ត្រជាក់​ភ្នែក ក្នុង​ការ​ប្រើ​ប្រាស់​ទូទៅ លេង​ហ្គេម មើល​វីដេអូ ជាដើម។
វាមានវិមាត្រ 158.1 x 77.8 x 7.1 មីលី​ម៉ែត្រ មាន​ទំងន់ 172 ក្រាម រាង​ធ្ងន់​បន្តិច ហើយ​ក៏​ពិបាក​ក្នុង​ការ​កាន់​បញ្ជា​ដោយ​ប្រើ​ដៃ​មួយ​ផង​ដែរ ព្រោះ​អី​គែម​ខាង​លើ និង​ខាង​ក្រោម​របស់​ទូរស័ព្ទ​នេះ​វា​វែង​បន្តិច បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ទូរស័ព្ទ​អេក្រង់ 5.5 អ៊ីញ​ដទៃ។ iPhone 6 Plus មាន​បី​ពណ៌​សម្រាប់​ជ្រើស​រើស​គឺ​ពណ៌​ទឹក​ប្រាក់ ពណ៌​ទឹក​មាស​ស្រាល និង​ពណ៌​ប្រផេះ ។
កាមេរ៉ាមុខ ក្រោយ
កាមេរ៉ារបស់ iPhone 6 Plus មានទំហំ 8 មេហ្គា​ភិចសែល ប្រភេទ iSight Camera បំពាក់​មក​ជាមួយ​ភ្លើង​ជំនួយ​ចំនួន​ពីរ True Tone ដែល​អាច​ចាប់​យក​រូបភាព​បាន​កាន់​តែ​ច្បាស់​ដូច​ធម្មជាតិ និង​ងាយ​ស្រួល​ប្រើ​ប្រាស់​ជាង​មុន។ កាមេរ៉ា​របស់ iPhone 6 Plus ពិសេស​ត្រង់​ថា​វា​បាន​បំពាក់​មក​ជាមួយ​បច្ចេក​វិទ្យា Optical Image Stabilization ដែល​អាច​ចាប់​យក​រូបភាព វីដេអូ​បាន​ច្បាស់​ល្អ កាត់​បន្ថយ​ភាព​ព្រាល និង​រំញ័រ​ផ្សេងៗ។ រី​ឯ​កាមេរ៉ា​ខាង​មុខ​វិញ​នៅ​តែ​មាន​ទំហំ 1.2 មេហ្គា​ភិចសែល​ដដែល ដូច iPhone 5s អាច​ថត​វីដេអូ​បាន​កម្រិត 720hd។ រូបភាព​ដែល​ថត​ដោយ​កាមេរ៉ា iPhone 6 នេះ​គឺ​មិន​សូវ​ជា​ល្អ​ជាង iPhone 5s ប៉ុន្មាន​នោះ​ទេ​តាម​រយៈ​ការ​តេស្ត​ថត គ្រាន់​តែ​វា​អាច​ថត​យក Slow Motion បាន​ទំហំ 240fps ប៉ុណ្ណោះ។
Hardware
ទោះបីជា iPhone 6 Plus មានតម្លៃថ្លៃជាង iPhone 6 យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​កម្លាំង​ម៉ាស៊ីន​របស់​វា​អន់​ជាង iPhone 6 បន្តិច​បន្តួច។ វា​មាន​រ៉េម​ទំហំ 1GB ដដែល ប្រើ​ប្រាស់​បន្ទះ​ឈីប A8 ដែល​មាន​ស៊ីភីយូ Dual-core ល្បឿន 1.4Ghz ARM V8 GPU ប្រភេទ PowerVR GX6450 អាច​អោយ​យើង​លេង​ហ្គេម បើក​កម្មវិធី និង​ប្រើ​ប្រាស់​ទូទៅ​បាន​ដោយ​រលូន គ្មាន​ភាព​រអាក់​រអួលឡើយ។
នៅក្នុងបន្ទះឈីប A8 នេះទៀតសោត Apple ក៏បានបំពាក់មក​ជាមួយ​បន្ទះ​ស៊ិនស័រ M8 ប្រើ​សម្រាប់​តាម​ដាន​ចលនា​អ្នក​ប្រើ​ប្រាស់ ចាប់​ចំងាយ ជំហ៊ាន ជា​ដើម ហើយ​វា​ក៏​មាន​សមត្ថភាព​អាច​ចាប់​យក​កំពស់​ដែល​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​ នេះ​តាំង​នៅ​ផងដែរ។
iPhone 6 Plus ក៏នៅតែបំពាក់មកជាមួយ​សន្ទះ Touch ID ដដែល ប៉ុន្តែ​វា​នៅ​តែ​រក្សា​ទំហំ​តូច​ដូច iPhone 6 មិន​សម​គ្នា​ជាមួយ​តួ​ខ្លួន​ដ៏​ធំ​របស់​វា​ប៉ុន្មាន​នោះ​ទេ។ ចំពោះ​ទំហំ​ផ្ទុក​ទិន្នន័យ​វិញ​គឺ​មាន​បី​ជម្រើស​គឺ 16GB 64GB និង 128GB ដែល​មាន​តម្លៃ​ខុសៗ​គ្នា​ចំនួន 100$។ ចំពោះ​ថ្ម​របស់ iPhone 6 Plus វិញ​គឺ​មាន​ទំហំ​ធំ​គួរ​សម​ទំហំ 2915mAh អាច​អោយ​យើង​មើល​វីដេអូ លេង​ហ្គេម និង​ប្រើ​ប្រាស់​បាន​យូរ​ជាង iPhone 6 ចំនួន​មួយ​ម៉ោងជាង។
Software
iPhone 6 plus ដំណើរការដោយប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 8 ចេញ​ពី​ប្រអប់ ដែល​វា​គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​ចុង​ក្រោយ​បង្អស់ មាន​លក្ខណៈ​ពិសេស​ជា​ច្រើន ហើយ​ក៏​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​ផង​ដែរ។ លក្ខណៈ​ពិសេស​របស់ Software លើ iPhone 6 Plus នេះ​គឺ​យើង​អាច​ប្រើ​ជា​លក្ខណៈ​ផ្តេក​បាន ដូច iPad បាន ហើយ​ក្នុង​នោះ​ក៏​មាន​ដូច​ជា​មុខងារ Reachability ដែល​សម្រួល​អោយ​យើង​ងាយ​ស្រួល​ប្រើ​ដោយ​ដៃ​ម្ខាង និង​មុខងារ Zoom ប្រើ​សម្រាប់​ពង្រីក​អក្សរ និង icon អោយ​ធំ ងាយ​ស្រួល​ប្រើ​ជាងមុន។
គុណវិបត្តិ
ពួកយើងសប្បាយចិត្តនៅពេលដែលដឹងថា Apple បាន​បង្កើត iPhone អោយ​មាន​ទំហំ​អេក្រង់​ធំ​ដល់ 5.5 អ៊ីញ​ប៉ុន្តែ​វា​មិន​បាន​បំពាក់​មក​ជាមួយ​លក្ខណៈ​ពិសេស​ច្រើន និង​ខុស​ប្លែក​ពី iPhone ជំនាន់​មុនៗ​ទាំង​អស់។ រូប​រាង​របស់​វា​ធំ​ពិបាក​ក្នុង​ការ​កាន់ និង​ទុក​ដាក់ កម្លាំង​ម៉ាស៊ីន​វិញ​ក៏​មិន​សូវ​ជា​រហ័ស​ខ្លាំង ណា​មួយ​ទៀត​វា​ក៏​ងាយ​ក្នុង​ការ​បែក​បាក់​អេក្រង់​ផងដែរ។
ចំណាប់អារម្មណ៍
សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមិនសូវជាពេញចិត្តនឹង iPhone 6 Plus ដែល​មាន​អេក្រង់​ដល់​ទំហំ 5.5 អ៊ីញ​នេះ​ប៉ុន្មាន​នោះ​ទេ ព្រោះ​អី​វា​ធំ​ពេក ចាក​ឆ្ងាយ​ពី iPhone ជំនាន់​ចាស់ៗ ណា​មួយ​ទៀត​វា​ក៏​មិន​សូវ​ជា​មាន​លក្ខណៈ​ពិសេស​ខុស​ពី iPhone 6 ប៉ុន្មាន​ឡើយ។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ផលិត​ផល Apple ហើយ​ចង់​ប្រើ​ប្រាស់​ស្មាតហ្វូន​ដែល​មាន​អេក្រង់​ធំ​ជាង​មុន​នោះ អ្នក​ប្រាកដ​ជា​ពេញ​ចិត្ត​ជាមួយ​នឹង​អេក្រង់​ធំ​ទូលាយ​ទំហំ 5.5 អ៊ីញ និង​មាន​កម្រិត​ភាព​ច្បាស់ Full HD នេះ។ អ្នក​អាច​ស្វែង​រក​ទិញ​ស្មាតហ្វូន​នេះ​បាន​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​វា​មាន​តម្លៃ​ខ្ពស់​នៅ​ឡើយ​ទេ​ប្រហែល 1200$ តែ​តម្លៃ​នេះ​នឹង​បន្ត​ធ្លាក់​ទៀត​ទៅ​ក្បែរ 900$ នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខនេះ។

No comments:

Post a Comment